កម្មកររោងចក្រនៅអ៊ីតាលីនាំគ្នាបាតុកម្មលើការទិញ Ronaldo ដោយសាររឿងមួយ

អ៊ីតាលី៖ កម្មកររោងចក្រផលិតរថយន្តម៉ាក Fiat បានធ្វើបាតុកម្មទៅលើការចំណាយលុយរយលានដុល្លារចំពោះកីឡាករ Cristiano Ronaldo ខណៈកម្មករត្រូវបានកាត់ប្រាក់ជាច្រើនខែ ដោយសារតែក្រុមហ៊ុនខ្វះចំណូល។
បើយោងតាមព័ត៌មានមួយបានឲ្យដឹងថា កម្មករនៅក្រុមហ៊ុន Fiat ដែលស្ថិតនៅទីក្រុង Turin បានធ្វើបាតុកម្មប្រឆាំងនឹងការនាំយកខ្សែប្រយុទ្ធ Ronaldo មកកាន់ក្រុម Juventus ដោយសារតែពួកគេគិតថា តម្លៃខ្លួនរបស់អតីតកីឡាករក្រុម Manchester United ខ្ពស់ខ្លាំងពេក។ 
កម្មករនៅក្រុមហ៊ុន Fiat
ប្រភពដដែលបានបន្តថា Fiat និង Juventus គឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយឈ្មោះ Exor ដូច្នេះបើ Ronaldo នឹងមកលេងនៅ Juventus ពិតមែន ក្រុមហ៊ុន Exor នឹងត្រូវកាត់ចំណាយពី Fiat ដើម្បីមកបង់ទៅលើតម្លៃខ្លួននិងថវិការផ្សេងៗរបស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ដែលសរុបមានតម្លៃជាង១៨០លានដុល្លារអាមេរិកឯណោះ។
យ៉ាងណាមិញ សហជីពកម្មករ បានបាតុកម្មទៅលើការសម្រេចចិត្តនេះ ដោយពួកគេបង្ហើបថា ក្រុមហ៊ុនបានបោកប្រាស់ជំនឿទុកចិត្តរបស់គេ ក្រោយពួកគេត្រូវបានគេកាត់ប្រាក់ខែដើម្បីជួយកាត់បន្ថយចំណាយរបស់ក្រុមហ៊ុន។ 
បន្ថែមពីលើនេះ ក្រុមសហជីពកម្មករបានទាមទារឲ្យក្រុមហ៊ុនសងនូវប្រាក់ដែលត្រូវបានកាត់ទាំងអស់របស់ពួកគេមកវិញ ពីព្រោះបើក្រុមហ៊ុនហ៊ានចំណាយលុយរាប់លានទៅលើមនុស្សម្នាក់ ដូច្នេះពួកគេក៏ត្រូវតែចំណាយលុយមកឲ្យកម្មករជាងពាន់នាក់ផងដែរ។
កម្មករនៅក្រុមហ៊ុន Fiat
គួរឲ្យដឹងផងដែរ ក្រោយពី Ronaldo ប្រកាសជាសាធារណៈថារូបគេនឹងផ្លាស់ប្តូរទៅលេងនៅ Juventus ភ្លាមនោះ ភាគហ៊ុនរបស់ក្លិបត្រូវបានគេសង្កេតឃើញថាមានតម្លៃឡើងខ្ពស់ភ្លាម ធ្វើឲ្យក្រុមម្ចាស់ជើងឯក Serie A ៣៤សម័យនេះ ចំណេញជាង៤០០លានដុល្លារអាមេរិកឯណោះ៕

Comments